អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / សំណើសុំការសម្ភាសន៍ប្រញាប់

សំណើសុំការសម្ភាសន៍ប្រញាប់

លើទំព័រនេះ


ទិដ្ឋភាព​ទូទៅ

ប្រសិនបើអ្នកចាំបាច់ត្រូវធ្វើដំណើរជាបន្ទាន់ដែលមិនអាចប៉ាន់ស្មានដឹងជាមុនដោយសារហេតុផលដែលរៀបរាប់ខាងក្រោមនេះ អ្នកអាចនឹងមានលក្ខណៈសម្បត្តិសម្រាប់ស្នើសុំការសម្ភាសន៍ប្រញាប់បាន ប៉ុន្តែវាក៏អាស្រ័យទៅតាមពេលវេលាអនុគ្រោះជាក់ស្តែងរបស់ស្ថានទូតសហរដ្ឋអាមេរិកដែរ។សូមអោយប្រាកដថាអ្នកពិតជាមានលក្ខណៈតាមល័ក្ខខ័ណ្ឌតម្រូវ ព្រោះបេក្ខជនអាចដាក់សំណើសុំការសម្ភាសន៍ប្រញាប់នេះបានតែម្តងប៉ុណ្ណោះ។

លក្ខណៈសម្បត្តិ

មុនពេលធ្វើសំណើសុំការសម្ភាសន៍ប្រញាប់ អ្នកត្រូវតែណាត់ពេលវេលាសម្ភាសន៍ តាមនីតិវិធីណាត់សម្ភាសន៍ធម្មតាជាមុនសិន ហើយសូមអោយប្រាកដថាអ្នកពិតជាមានឯកសារយោងដែលបញ្ជាក់អំពីធុរៈបន្ទាន់នេះ។ សំណើសុំការសម្ភាសន៍ប្រញាប់មិនអាចនឹងពិចារណាបានទេ ប្រសិនបើបេក្ខជនមិនទាន់បានណាត់ពេលវេលាតាមប្រព័ន្ធវិបសាយទេនោះ។ នៅថ្ងៃសម្ភាសន៍ ប្រសិនបើមូលហេតុនៃការស្នើសុំការសម្ភាសន៍ប្រញាប់នេះមិនសមហេតុផល មន្ត្រីកុងស៊ុលនឹងធ្វើកំណត់ត្រាទុកនៅក្នុងករណីទិដ្ឋាការរបស់អ្នក ហើយវានឹងជះឥទ្ធិពលជាអវិជ្ជមានដល់ពាក្យសុំទិដ្ឋាការរបស់អ្នក។ បេក្ខជនទាំងអស់ដែលស្នើសុំការសម្ភាសន៍ប្រញាប់ត្រូវតែបង់ប្រាក់ថ្លៃទិដ្ឋាការជាមុនទើបអាចណាត់ថ្ងៃសម្ភាសន៍ដូចករណីទិដ្ឋាការទូទៅដែរ។ បេក្ខជនដែលទទួលបានការអនុញ្ញាតឱ្យសម្ភាសន៍ប្រញាប់ ប៉ុន្តែត្រូវគេបដិសេធមិនផ្តល់ទិដ្ឋាការ នឹងមិនអាចទទួលបានការសម្ភាសន៍ប្រញាប់សាជាថ្មីទៀតទេ ប្រសិនគោលបំណងនៃធ្វើដំណើរនៅដដែល។

សម្គាល់៖ សម្រាប់គោលបំណងទៅចូលរួមពិធីអាពាហ៍ពិពាហ៍ ពិធីទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា ទៅថែទាំសាច់ញាតិដែលមានផ្ទៃពោះ ទៅចូលរួមសិក្ខាសាលាប្រចាំឆ្នាំស្តីអំពីការងារផ្លូវការ ការសិក្សា មុខជំនួញ ឬក៏ទៅចូលរួមក្នុងដំណើរទេសចរណ៍កំសាន្តណាមួយនឹងមិនមានលក្ខណៈសម្បត្តិសម្រាប់ការសម្ភាសន៍ប្រញាប់ទេ។ ការធ្វើដំណើរសម្រាប់គោលបំណងខាងលើនេះត្រូវណាត់ពេលសម្ភាសន៍ជាធម្មតាទុកជាមុន។

ជាទូទៅ សំណើដែលអាចនឹងទទួលបានការពិចារណាសម្រាប់ការសម្ភាសន៍បន្ទាន់ ត្រូវមានស្ថានភាពតាមល័ក្ខខ័ណ្ឌតម្រូវខាងក្រោមនេះ៖ 

  • សំណើក្នុងនាមមនុស្សធម៌សម្រាប់សមាជិកគ្រួសារខ្សែផ្ទាល់ដែលធ្វើដំណើរទៅជួប និងផ្តល់ការថែទាំដល់សាច់ញាតិដែលមានជំងឺធ្ងន់ធ្ងរ ឬដើម្បីទៅជួយដោះស្រាយធុរៈបន្ទាន់ណាមួយនៅក្នុងគ្រួសារ។ 
  • សិស្ស និស្សិត (F-1 M-1) ឬអ្នកទៅចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា (J-1) ដែលមិនធ្លាប់ត្រូវបានគេបដិសេធទិដ្ឋាការក្នុងរយៈពេល12ខែចុងក្រោយ ហើយមិនមានថ្ងៃសម្ភាសន៍ឆាប់ដែលអាចអោយពួកគេធ្វើដំណើរទៅទាន់ថ្ងៃចាប់ផ្តើមកម្មវិធី ឬក៏សម្រាប់បេក្ខជនជាសិស្ស និស្សិតដែលមកលេងផ្ទះ ហើយចាំបាច់ត្រូវតែត្រឡប់ទៅចូលរៀនវិញតាមថ្ងៃកំណត់។

  • អ្នកទៅចូលរួមកិច្ចប្រជុំពិភាក្សាអំពីកិច្ចការផ្លូវការជាក់លាក់ណាមួយដែលមានលិខិតអញ្ជើញជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុននៅសហរដ្ឋអាមេរិក ហើយគោលបំណងនៃការធ្វើដំណើររបស់ពួកគេមិនមែន សម្រាប់គោលបំណងសាមញ្ញធម្មតា ហើយក៏មិនអាចទៅចូលរួមកិច្ចប្រជុំផ្លូវការផង និងធ្វើទេសចរផងបានទេ។
លក្ខខ័ណ្ឌតម្រូវសម្រាប់ការព្យាបាលជំងឺ

គោលបំណងនៃការធ្វើដំណើរគឺដើម្បីទៅព្យាបាលជំងឺជាបន្ទាន់ ឬការរួមដំណើរជាមួយសាច់ញាតិ ឬជាមួយនិយោជកដែលត្រូវទៅព្យាបាលជម្ងឺជាបន្ទាន់។

ឯកសារដែលចាំបាច់៖

  • លិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតរបស់អ្នក រៀបរាប់អំពីស្ថានភាពជំងឺ និងមូលហេតុដែលតម្រូវអោយអ្នកទៅព្យាបាលនៅសហរដ្ឋអាមេរិក។
  • លិខិតពីវេជ្ជបណ្ឌិត ឬពីមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកដែលបញ្ជាក់ថាពួកគេបានត្រៀមខ្លួនដើម្បីព្យាបាលជំងឺរបស់អ្នក ហើយក៏ត្រូវបញ្ជាក់ពីតម្លៃប៉ាន់ស្មានសំរាប់ការព្យាបាលនេះដែរ។
  • ការបង្ហាញពីលទ្ធភាពបង់ប្រាក់ថ្លៃព្យាបាលនេះ។
ពិធីបុណ្យសព/ មរណៈភាព

គោលបំណងធ្វើដំណើរគឺដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់នរណាម្នាក់ ឬទៅរៀបចំចាត់ចែងបញ្ជូនសាកសពរបស់សមាជិកគ្រួសារខ្សែផ្ទាល់ (ម្តាយ ឪពុក បងប្អូនប្រុសស្រី ឬកូន) នៅសហរដ្ឋអាមេរិក។
ឯកសារដែលចាំបាច់៖

  • លិខិតបញ្ជាក់ពីភ្នាក់ងាររៀបចំបុណ្យសពដែលមានព័ត៌មានសម្រាប់ទំនាក់ទំនង ព្រមទាំងព័ត៌មានលម្អិតអំពីសព និងកាលបរិច្ឆេទនៃពិធីបុណ្យសពនេះ។
  • អ្នកក៏ត្រូវតែបង្ហាញភស្តុតាងដែរថា សពនេះគឺពិតជាសមាជិកសាច់ញាតិខ្សែផ្ទាល់របស់អ្នក។
ការធ្វើដំណើរជាបន្ទាន់សម្រាប់ការងារផ្លូវការ

គោលបំណងនៃការធ្វើដំណើរគឺទៅចូលរួមកិច្ចប្រជុំពិភាក្សាអំពីការងារផ្លូវការជាបន្ទាន់ ហើយទើបតែដឹងពីការចាំចាច់ត្រូវធ្វើដំណើរ។
ឯកសារដែលចាំបាច់៖

  • លិខិតអញ្ជើញពីភាគីក្រុមហ៊ុននៅសហរដ្ឋអាមេរិកដែលបញ្ជាក់ពីការចាំបាច់ត្រូវធ្វើដំណើរជាបន្ទាន់នេះ ដែលមានរៀបរាប់ពីស្ថានភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា ហើយក៏មានរៀបរាប់ថាក្នុងករណីខកខានមិនបានទទួលការសម្ភាសន៍ប្រញាប់នេះ ភាគីក្រុមហ៊ុននៅសហរដ្ឋអាមេរិក ឬភាគីក្រុមហ៊ុននៅក្នុងស្រុកនឹងខាតបង់ផលប្រយោជន៍ជាច្រើន។
  • ភស្តុតាងនៃភាពចាំបាច់ដែលត្រូវទៅចូលរួមកម្មវិធីបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិកដែលមានរយៈពេលបីខែ ឬតិចជាងនេះ រួមទាំងលិខិតបញ្ជាក់ផ្សេងៗពីនិយោជកក្នុងស្រុក និងក្រុមហ៊ុននៅសហរដ្ឋអាមេរិកដែលជាអ្នករៀបចំវគ្គបណ្តុះបណ្តាលនេះ។ លិខិតទាំងនេះគួរតែផ្តល់ព័ត៌មានជាលម្អិតអំពីវគ្គបណ្តុះបណ្តាល ហើយត្រូវពន្យល់ដែរថា ក្នុងករណីដែលគេខកខានមិនទទួលបានការសម្ភាសន៍ប្រញាប់នេះ ភាគីក្រុមហ៊ុននៅសហរដ្ឋអាមេរិក ឫភាគីក្រុមហ៊ុននៅក្នុងស្រុកនឹងខាតបង់ផលប្រយោជន៍ជាច្រើន។
សិស្ស និស្សិត ឬអ្នកទៅចូលរួមកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរការសិក្សា

គោលបំណងនៃការធ្វើដំណើរគឺដើម្បីទៅចាប់ផ្តើម ឬក៏ទៅបន្តកម្មវិធីសិក្សាណាមួយនៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមក្នុងរយៈពេល60ថ្ងៃ ហើយសម្រាប់តែក្នុងករណីដែលមិនមានថ្ងៃសម្ភាសន៍ធម្មតាដែលអាចអោយពួកគេណាត់បានតែប៉ុណ្ណោះ។ ជម្រើសនេះត្រូវបានកម្រិតទុកអោយតែបេក្ខជនជាសិស្ស និស្សិត និងបេក្ខជនទៅចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាដែលកម្មវិធីរបស់គេនឹងចាប់ផ្តើមក្នុងរយៈពេល60ថ្ងៃនេះតែប៉ុណ្ណោះ។
ឯកសារដែលចាំបាច់៖

  • ទម្រង់ I-20 ឬទម្រង់ DS-2019 ច្បាប់ដើម ដែលបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើមកម្មវិធីក្នុងរយៈពេល60ថ្ងៃនេះ។
  • ភស្តុតាងដែលបញ្ជាក់ថាបានបង់ប្រាក់ថ្លៃ SEVIS (ប្រសិនបើតម្រូវ)។

នៅពេលដែលសំណើ ESTA ត្រូវបានគេបដិសេធ

អ្នកអាចស្នើសុំការសម្ភាសន៍ទិដ្ឋាការប្រញាប់បានប្រសិនបើអ្នកមានសញ្ជាតិនៃប្រទេសដែលជាដៃគូរបស់កម្មវិធីលើកលែងទិដ្ឋាការប៉ុន្តែធ្លាប់ទទួលបានការជូនដំណឹងថាអ្នកលែងមានលក្ខណៈសម្បត្តិអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីនោះបានទៀត។  អ្នកធ្វើដំណើរខាងលើរាប់បញ្ជូលទាំងបុគ្គលដែលមានសញ្ជាតិពីរនៃប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ូដង់ ឬ ស៊ីរ៉ី ឬបុគ្គលទាំងឡាយណាដែលធ្លាប់បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ូដង់ ស៊ីរ៉ី លីបេរីយ៉ា យ៉េមែន  ឬប្រទេសសូម៉ាលី ក្រោយថ្ងៃទី១​ ខែមិនា ឆ្នាំ២០១១ ។ ដើម្បីអាចស្នើសុំការសម្ភាសន៍ប្រញាប់បាន ផែនការធ្វើដំណើររបស់អ្នកត្រូវតែប្រាកដប្រជា។ ម៉្យាងវិញទៀត នៅក្នុងសំណើសុំការសម្ភាសន៍ប្រញាប់នេះ សូមបញ្ជាក់អំពីពេលវេលា និងគោលបំណងនៃការធ្វើដំណើរផង។

​​​ឯកសារដែលចាំបាច់៖

  • ច្បាប់ចម្លងនៃការឆ្លើយតបរបស់ S. Customs and Border Protection ចំពោះសំណើ ESTA របស់អ្នក។

របៀបស្នើសុំការសម្ភាសន៍ប្រញាប់

ជំហានទី 1៖

បំពេញ ទម្រង់ DS-160 ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទីនេះ

ជំហានទី 2៖

បង់ប្រាក់ ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

ជំហានទី 3៖

ណាត់ពេល តាមប្រព័ន្ធវិបសាយ ដោយត្រូវជ្រើសរើសយកថ្ងៃសម្ភាសន៍ណាដែលឆាប់បំផុត។ សូមចំណាំថាអ្នកត្រូវតែណាត់ពេលវេលាសម្ភាសន៍សិន ទើបអាចស្នើសុំថ្ងៃសម្ភាសន៍ប្រញាប់បាន។ នៅពេលដែលអ្នកកំពុងណាត់ពេលវេលាសម្ភាសន៍ អ្នកនឹងមើលឃើញសារនៅលើអេក្រង់ដែលបង្ហាញពីថ្ងៃទំនេរដែលអ្នកអាចណាត់បានឆាប់បំផុត ហើយអ្នកក៏នឹងឃើញពីជំរើសសម្រាប់ស្នើសុំការសម្ភាសន៍ជាបន្ទាន់ដែរ។ ដូច្នោះហើយ អ្នកអាចនឹងដឹងថាតើអ្នកចាំបាច់ត្រូវស្នើសុំការសម្ភាសន៍ប្រញាប់ដែរឬទេ ពីព្រោះមិនមានថ្ងៃសម្ភាសន៍មុនដែលអាចអោយអ្នកណាត់។
ប្រសិនបើអ្នកចង់ស្នើសុំការសម្ភាសន៍ប្រញាប់ អ្នកត្រូវបំពេញទម្រង់ស្នើសុំជាភាសាអង់គ្លេស ឬក៏អាចទាក់ទងទៅ មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ដើម្បីស្នើសុំជំនួយ។ សូមអោយប្រាកដប្រជាអំពីមូលហេតុនៃធុរៈបន្ទាន់ ដែលអ្នកជឿថានឹងធ្វើអោយអ្នកមានលក្ខណៈសម្បតិ្តអាចទទួលបានថ្ងៃសម្ភាសន៍ប្រញាប់នេះ។ បន្ទាប់ពីបានដាក់សំណើរួចហើយ សូមរង់ចាំការឆ្លើយតបពីស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកតាមរយៈអ៊ីម៉ែល។

ជំហានទី 4៖

ប្រសិនបើស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកយល់ព្រមតាមសំណើរបស់អ្នក អ្នកនឹងទទួលបានអ៊ីម៉ែលជូនដំណឹងឱ្យអ្នកប្តូរថ្ងៃតាម ប្រព័ន្ធវិបសាយ ទៅជាថ្ងៃសម្ភាសន៍ប្រញាប់ដែលគេបានអនុម័តអោយ។ សូមជំរាបថាមជ្ឈមណ្ឌលផ្តល់ព័ត៌មានមិនអាចជួយផ្លាស់ប្តូរថ្ងៃសម្ភាសន៍ប្រញាប់អោយអ្នកបានទេ ប៉ុន្តែការីទូរស័ព្ទអាចនឹងជួយអ្នកបាន ប្រសិនបើអ្នកមានសំណួរផ្សេងៗ។ ប្រសិនបើស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកបដិសេធសំណើសុំ សម្ភាសន៍បន្ទាន់នេះ អ្នកក៏នឹងទទួលបានចម្លើយបដិសេធតាមរយៈអ៊ីម៉ែលដែរ ហើយអ្នកគួរតែរក្សាទុកថ្ងៃសម្ភាសន៍ដែលបានណាត់រួចហើយ។

សម្គាល់៖ ការឆ្លើយតបតាមអ៊ីម៉ែល ពីការយល់ព្រមផ្តល់ ឬការបដិសេធសំណើរបស់អ្នកនឹងផ្ញើពី no-reply@ustraveldocs.com ។ កម្មវិធីអ៊ីម៉ែលមួយចំនួនមានប្រព័ន្ធដែលអាចបែងចែកសារពីអ្នកផ្ញើអ៊ីម៉ែលដែលមិនស្គាល់ ទៅដាក់ក្នុងប្រអប់ Junk ឬ Spam។ ប្រសិនបើអ្នកមិនបានទទួលការឆ្លើយតបតាមអ៊ីម៉ែលទេនោះ សូមរកមើលសារនៅក្នុងប្រអប់ Junk ឬ Spam នៅក្នុងអ៊ីម៉ែលរបស់អ្នក។

ជំហានទី 5៖

សូមអញ្ជើញទៅ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក តាមថ្ងៃ និងម៉ោងដែលអ្នកបានណាត់ពេលវេលាសម្ភាសន៍។ បេក្ខជនម្នាក់ៗចាំបាច់ត្រូវយកឯកសារដូចខាងក្រោមមកជាមួយ៖

  1. លិខិតឆ្លងដែនបច្ចុប្បន្នដែលមានសុពលភាព និងលិខិតឆ្លងដែនចាស់ៗទាំងអស់ទោះបីជាផុតសុពលភាពហើយក៏ដោយ។
  2. លិខិតបញ្ជាក់ថាអ្នកបានណាត់ពេលវេលាសម្ភាសន៍ (Appointment Confirmation Letter)។
  3. ទំព័របញ្ជាក់ថាបានបំពេញ និងបញ្ជូនពាក្យសុំទិដ្ឋាការ ទម្រង់ DS-160 (Application Confirmation Page)
  4. វិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការនៅធនាគារ (CATHAY UNITED BANK OR VFS GLOBAL)
  5. រូបថតថ្មីចំនួនមួយសន្លឹកដែលទើបថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ ថតចំពីមុខមុខឃើញស្លឹកត្រចៀក ទំហំ 2x2 អ៊ីញ មានផ្ទៃក្រោយពណ៌ស។
  6. ឯកសារយោងផ្សេងៗដែលលោកអ្នកមានបំណងយកមកបង្ហាញសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការនេះ។

ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកមិនអាចអនុញ្ញាតិអោយបេក្ខជនដែលមិនមានឯកសារគ្រប់គ្រាន់ចូលសម្ភាសន៍បានទេ។